នាទីស្វែងយល់អំពីអូស្រ្ដាលី
នាទីស្វែងយល់អំពីអូស្រ្តាលីថ្ងៃទី២១ខែវិច្ឆិកា
ព័ត៌មានថ្មីៗ 08:11:57, 21 November 2009
បាទសូមជំរាបសួរ លោកអ្នកនាង និងប្រិយមិត្តអ្នកស្តាប់វិទ្យុអូស្ត្រាលី ទាំងអស់ជា
ទីគោរព និងជាទីនឹករលឹក នាទីយល់ស្វែងយល់ពីអូស្ត្រាលី មានក្តីរីករាយក្នុងការ បានវិលមកជួបលោកអ្នកជាថ្មីនៅពេលនេះ។បាទសំរាប់ខណៈនេះ ខ្ញុំ សូ លឹមសេង
អ្នករៀបចំនាទីនេះ ដោយមានការឧបត្ថម្ភពីសហសេវឹក ៣នាក់ទៀត សូមនាំមក
ជម្រាបជូននូវដំណឹងសំខាន់ៗមួយចំនួន ដែលកើតមានឡើងនៅប្រទេសអូស្ត្រាលី
នៅសបា្តហ៍នេះ។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះរដ្ឋាភិបាលអូស្រ្តាលីបានចាប់ផ្ដើមដំបូងគេធ្វើការសុំទោស
ជាផ្លូវការចំពោះពលរដ្ឋអូស្ត្រាលីនិងអតីតកុមារអន្តោប្រវេសន៍ ចំនួនប្រមាណ៥សែន
នាក់ដែលបានរងគ្រោះ ក្នុងខណៈដែលពួកគេបានជាប់នៅក្នុងការឃុំគ្រងថែទាំរបស់
រដ្ឋាភិបាល នៅទូទាំងប្រទេសអូស្រ្តាលី។ លោក យុទ្ធ ឈាង សូមជូនរបាយការណ៍
បន្ថែម៖
បាទបន្ទាប់ពីការសប្បាយរីករាយក្នុងពេលចុងសប្ដាហ៍មួយដែលបានបញ្ចប់ទៅហើយ
នោះសប្ដាហ៍ថ្មីមួយទៀតបានមកដល់។ សម្រាប់សប្ដាហ៍នេះ នៅពាសពេញ ប្រទេស អូស្រ្តាលីទាំងមូលបានចាប់ផ្ដើមសប្ដាហ៍ថ្មីមួយពោរពេញទៅដោយការសម្រក់ទឹកភ្នែក
អួលដើមក រំជួលក្ដុកក្ដួលក្នុងចិត្ត លាយឡំនឹងការអបអរសាទរទះដៃគាំទ្រ បន្ទាប់ពី
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Kevin Rudd កាលពីព្រឹកថ្ងៃចន្ទបានដឹកមុខគេធ្វើការ
ប្រកាសជាសាធារណៈ សុំក្ដីអភ័យទោសពីសំណាក់ជនរងគ្រោះ ក្នុងរឿងអតីតកាលមួយដ៍ជូរចត់ក្នុងទំព័រខ្មៅនៃប្រវត្តិសាស្រ្តអូស្រ្តាលី។
ក្នុងទសវត្សរ៍១៩២០ទៅ១៩៧០ ក្នុងចំណោមកុមារ៥សែននាក់មានកុមារប្រមាណ ៧០០០នាក់គឺជាកុមារបញ្ជូនមកពីប្រទេសអង់គ្លេសដោយសារនៅពេលនោះគេបាន
សន្មត់ដោយភ័ន្តច្រឡំថាឱពុកម្ដាយរបស់ពួកគេបានស្លាប់អស់ទៅហើយ។
ក្នុងពេលជាមួយគ្នាដែរប្រទេសអង់គ្លេសក៏បានបញ្ជូនកុមារដែលគេយល់ថាកំព្រានោះ ទៅប្រទេសនូវ៉ែលហ្សេងឡង់និងកាណាដាផងដែរ។
ចំពោះកុមារទាំង៥សែននាក់បានទទួលរងការធ្វើបាបគ្រប់រូបភាពនៅតាមមណ្ឌលថែ
ទាំកុមាររបស់រដ្ឋាភិបាលអូស្រ្តាលី ដោយរាប់បញ្ចូលទាំងការរំលោភភេទក៏មានដែរ។ ពេលវេលាចេះតែកន្លងទៅហើយរហូតដល់ជិតដាច់ឆ្នាំ២០០៩ កុមារទាំងនោះដែល
បាននៅរស់រានមានជីវិត ឥឡូវនេះខ្លះមានវ័យចំណាស់ៗអស់ទៅហើយ។ ក្រុមជន
ទាំងនេះត្រូវបានគេហៅថា ជនដែលគេបានបំភេ្លចចោល។
ដើម្បីទទួលស្គាល់នូវការឈឺចាប់ផ្លូវការនិងអារម្មណ៍របស់ពួកគេបន្ទាប់ពីមានការ
ទាមទារអស់ជាច្រើនឆ្នាំ រដ្ឋាភិបាលអូស្រ្តាលីបានសម្រេចធ្វើការសុំទោសពួកគេ ហើយសន្យានិងប្ដេជ្ញាថានឹងមិនឲ្យស្ថានភាពបែបនេះកើតឡើងក្នុងប្រវត្តិសាស្រ្ត
អូស្រ្តាលីទៀតឡើយ។
នៅក្រុង Canberra កាលពីព្រឹកថ្ងៃចន្ទ លោក Kevin Rudd រួមជាមួយមេដឹកនាំ
គណបក្សប្រឆាំងលោក Malcolm Turnbull ជារដ្ឋធានីរបស់ប្រទេសអូស្រ្តាលីបាន
ធ្វើសេចក្ដីថ្លែងការណ៍ដើម្បីសុំទោស ដោយមានសារធារណជនជិត១០០០នាក់ ដែលធ្វើដំណើរមកពីផ្នែកផ្សេងៗនៃប្រទេសអូស្រ្តាលីដើម្បីមកសាក្សីដ៏ប្រវត្តិសាស្រ្ត
នេះ។
ក្នុងនោះមានមួយចំនួនជាជនអតីតកុមារជនរងគ្រោះ។ ព័ត៌មាន ABC អូស្រ្តាលីរាយ
ការណ៍ថា Mary Smith ជាចនរងគ្រោះម្នកា់បានធ្វើដំណើរមកពីរដ្ឋអូស្រ្តាលីខាង
លិចចម្ងាយមិនតិចជាង៥ពាន់គីឡូម៉ែត្រនោះ បានស្រក់ទឹកភ្នែករំជួលចិត្តប្រកប
ដោយការអបអរសាទរ ក្នុងការដែលខ្លួនបានឮនូវពាក្យសុំទោសជាច្រើនឃ្លាចេញ
ពីផ្ទាល់មាត់របស់មេដឹកនាំប្រទេសអូស្រ្តាលី។
ប្រភពព័ត៌មានដដែលនេះ បាននិយាយដែរថា ដោយសង្កេតឃើញព្រត្តិការណ៍នេះ បណ្ដាជនរងគ្រោះជាអតីតកុមារនៅប្រទេសនូវ៉ែលហ្សេឡង់និងអង់គ្លេសចង់ឃើញ
រដ្ឋាភិបាលរបស់ខ្លួនយកគម្រូពីរដ្ឋាភិបាលអូស្រ្តាលី។
លោកស្រី Caroline Carroll មកពីសម្ព័ន្ធភាពដើម្បីពលរដ្ឋអូស្ត្រាលីដែលបំបរបង់
ចោល លែងនឹកនា និយាយប្រាប់វិទ្យុ ABC ថា ការសុំក្តីអភ័យទោសនេះ នឹង ជួយដល់ដំណើរការផ្សះផ្សាគ្នារវាងពលរដ្ឋនៅក្នុងសង្គជាតិអូស្រ្តាលីទាំងមូល។
សូមរលឹកថា រដ្ឋាភិបាលលោក Kevin Rudd ពីថ្ងៃទិ១២ខែកុម្ភរៈឆ្នាំ២០០៨ ក៏បាន ធ្វើការសុំទោសជាប្រវត្តិសាស្រ្តចំពោះការធ្វើបាបដល់កុមារជនជាតិដើមអូស្រ្តាលី
ផងដែរ។
ប៉ុន្តែគណបក្សប្រឆាំងមិនបានយល់ព្រមធ្វើការសុំទោសដូចនៅពេលនេះទេ។ ប្រសិនបើប្រិយមានចំណាប់អាម្មណ៍តាមដានប្រធានបទនៃការសុំទោសអតីតកុមារ
នៅអូស្រ្តាលីលោកអ្នកអាចទទួលព័ត៌មានយ៉ាងច្រើនតាមរយៈការប្រើប្រាស់អ៊ីន
ធើរណិត ដោយលោកអ្នកវាយពាក្យគន្លិះជាភាសាអង់គ្លេស ដូចជា forgotten
children, sorry day, ឬ stolen generation ជាដើម។
នៅក្នុងការស្ទង់មតិជាសកលមួយ ស្តីអំពីអំពើពុករលួយ ធ្វើឡើងដោយអង្គការ
តម្លាភាពអន្ដរជាតិ ឬ Transparency International នៅតាមបណ្តាប្រទេស
ចំនួន១៨០ នៅលើពិភពលោកនេះ បានរកឃើញថា អស្ថិរភាព និងវិបត្តិហិរញ្ញ
វត្ថុសកលលោក គឺជាកត្តា២ដ៏ចម្បង ដែលជំរុញឲ្យមានអំពើពុករលួយ។ អ្នក
ស្រីប៊ុន ឡឺវីសីដា ដកស្រង់យកខ្លឹមសារនៃរបាយការណ៍របស់អ្នកនាង Anna
Walker នៃនាទី Connect Asia របស់វិទ្យុអូស្ត្រាលី ផ្សាយជាភាសាអង់គ្លេស
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មកជូនលោកអ្នកនាងកញ្ញាដូចតទៅ៖
នៅក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់កំពូល ថាជាប្រទេសស្អាតស្អំ
គ្មានអំពើពុករលួយ រួមមានប្រទេសនូវ៉ែលហ្សេឡង់ ដែលជាប់លេខមួយ បន្ទាប់
មក ដាណឺម៉ាក សិង្ហបុរី ស៊ុយអែដ ស្វ៊ីស ហ្វាំងឡង់ ហុល្លង់ អូស្ត្រាលី កាណាដា
និងអៃស្លង់ដ៍ដែលជាប្រទេសចំនួន១០ឋិតនៅលើបញ្ជីថ្នាក់កំពូលដែលតាមការ
ស្ទង់មតិសកលដោយអង្គការតម្លាភាពអន្តរជាតិនោះ បង្ហាញថាជាប្រទេសស្អាត
ស្អំគ្មានអំពើពុករលួយ ហើយគ្មានទំនាស់ឬក៏សង្រ្គាមរាំងជល់ឡើយ។
ចំណែកឯបណ្តាប្រទេស ដែលឋិតនៅចំណាត់ថ្នាក់ក្រោមគេ ដែលជាក្រុមប្រទេស
មានអំពើពុករលួយខ្លាំងនោះ រួមមានសូម៉ាលី អាហ្វហ្កានីស្ថាន ភូមា ស៊ូដង់ អ៊ីរ៉ាក់
អ៊ីរ៉ង់ ឆាដ អ៊ុយបេគីស្ថាន និងទួមែននីស្ថានជាដើម។
រីឯប្រទេសកម្ពុជាវិញ ឋិតនៅក្នុងចំណាត់ថ្នាក់ទី១៥៨ ជាមួយនឹង ប្រទេសឡាវ
លេខ១៥៩ បើប្រៀបធៀបទៅនឹងប្រទេសវៀតណាមដែលជាប់លេខ ១២០
ហ៊្វីលីពីន លេខ១៣៩ ឥណ្ឌូណេស៊ីលេខ១១១ ថៃនិងឥណ្ឌាលេខ៨៤ដូចគ្នា
ប៊្រុយណេ លេខ៣៩ ប្រទេសចិនលេខ៧៩ និងម៉ាឡេស៊ី លេខ៥៦ ។ ដូច្នេះ
ក្នុងចំណោមអាស៊ីអាគ្នេយ៍ ប្រទេសឡាវ អន់ជាងគេ ដោយជាប់លេខ ១៥៩
ហើយបន្ទាប់មកកម្ពុជា ដោយជាប់លេខ ១៥៨។
យ៉ាងណាមិញ របាយការណ៍របស់អង្គការ Transparency International នៅ
ឆ្នាំនេះ ក៏ឆ្លុះបញ្ចាំងនូវភាពថមថយនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាផងដែរ
បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ដែលមានចំណាត់ថ្នាក់ដល់ទៅលេខ១៦៦ឯណោះ។
លោក Michael Ahern នាយកនៃ អង្គការ Transparency International
បានឲ្យដឹងថាសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ប្រទេសដែលស្អាតស្អំ គឺ
មានចំនួនតិចហួស ពោល គឺមានតែ ប្រទេសនូវ៉ែលហ្សេឡង់ សិង្ហបុរី និងអូស្ត្រាលី
ប៉ុណ្ណោះ។
ក៏ប៉ុន្តែលោកបានលើកឡើងថា ថ្វីបើមានចំនួនតិចមែន តែ នូវ៉ែលហ្សេឡង់និង
សិង្ហបុរីឋិតនៅក្នុងលំដាប់នាំមុខគេទាំងស្រុង។ ទាំងលោក Michael Ahern
នាយកនៃអង្គការតម្លាភាពអន្ដរជាតិ និងលោក John Braithwaite នៃសកល
វិទ្យាល័យជាតិអូស្ត្រាលីបានបញ្ចេញមតិស្របគ្នាថា ប្រទេសដែលស្អាតស្អំគ្មាន
អំពើពុករលួយទាំង នោះ គឺសុទ្ធតែជាប្រទេស ដែលអ្នកមាន ដែលមានស្ថិរភាព
ហើយពុំមានសង្រ្គាមរាំងជល់អ្វីឡើយ។
លោក លោកស្រី និងមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! នៅសប្ដាហ៍នេះលោក
Tim Flannery ដែលជាអ្នកជំនាញខាងបរិស្ថាន និងជាអតីតពលរដ្ឋឆ្នើមអូស្រ្ដាលី
បានមានប្រសាសន៍ឲ្យដឹងថា លោកមានការបារម្ភចំពោះឥទ្ធិពលនៃ កំណើន
ប្រជាពល រដ្ឋអូស្រ្ដាលីទៅលើបរិស្ថាននៃប្រទេសនេះ។ បាទ! តើលោកចង់មាន
ន័យយ៉ាងដូចម្ដេច? តទៅនេះ សូមស្ដាប់របាយការណ៍របស់លោក ឃុន អាឡិច ជុំវិញរឿងនេះដែលលោកបានស្រង់ចេញពីព័ត៌មានរបស់បណ្ដាញទូរទស្សន៍ ABC
ក្នុងស្រុក។
ជម្រាបសួរកល្យាណមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! ភាគអាគ្នេយ៍នៃរដ្ឋគ្វីនស្លែនដ៍ នៃប្រទេសអូស្រ្ដាលីគឺជាតំបន់មួយដែលរងសម្ពាធខ្លាំងពីការកើនឡើងនៃចំនួនពល
រដ្ឋ ដោយសារតំបន់នេះមានមនុស្សចូលទៅរស់នៅប្រមាណជា២ពាន់ នាក់ក្នុងមួយ
អាទិត្យ។ អ្នកខ្លះមកពីរដ្ឋដទៃទៀតនៃប្រទេសអូស្រ្ដាលី ចំណែកឯ អ្នកខ្លះទៀតមក
ពីបរទេស។ បើតាមការព្យាកររបស់អ្នកជំនាញបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ
នៅក្នុងរដ្ឋគ្វីនស្លែនដ៍នឹងកើនឡើងទ្វេដងនៅក្នុងអំឡុងពេល៥០ឆ្នាំខាងមុខនេះ។
នៅពេលបច្ចុប្បន្នចំនួនពលរដ្ឋសរុបនៅក្នុងរដ្ឋនេះគឺមានប្រមាណ៣លាន ៦សែន
នាក់។
បើតាមប្រសាសន៍របស់លោកបណ្ឌិតសាស្រ្ដាចារ្យ Tim Flannery បានឲ្យដឹងថា
មកទល់ពេលនេះ គ្មាននរណាម្នាក់ដឹងច្បាស់អំពីឥទិ្ធពលផ្សេងៗទៅលើបរិស្ថាន
ឡើយ ដោយសារតែកំណើនប្រជាជន។
លោកថា ឥឡូវនេះត្រូវដល់ពេលឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីពិនិត្យ
តាមដានលើបញ្ហានេះ។ លោកបណ្ឌិតសាស្រ្ដាចារ្យរូបនេះ មានការបារម្ភអំពីបញ្ហា
បរិស្ថានដោយលោកលើកឡើងថា ប្រទេស អូស្រ្ដាលី ជាប្រទេសងាយរងគ្រោះ
ដោយសារឥឡូវនេះ អូស្រ្ដាលីមានបញ្ហាខ្វះខាតទឹក មិនតែប៉ុណ្ណោះអូស្រ្ដាលីក៏
មានវិបត្ដិជីវចម្រុះក្នុងបរិស្ថានផងដែរ។
លោកថា សមត្ថិភាពរបស់អូស្រ្ដាលីគឺមានកំណត់នៅក្នុងការប្រមូលផលកសិកម្ម ដោយសារតែវិស័យនេះរងឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំងឡើងដោយសារបញ្ហាប្រែ
ប្រួលអាកាសធាតុ។
ក្រៅពីនេះលោកបានលើកឡើងថា លោកមិនយល់ស្របចំពោះគោលនយោបាយ
របស់រដ្ឋាភិបាលបច្ចុប្បន្ននោះឡើយក្នុងការបង្កើតឲ្យមានកម្មវិធីអន្ដោប្រវេសន៍ដែល
ជំរុញឲ្យមានការទទួលយកពលរដ្ឋបរទេសច្រើនមករស់នៅក្នុងប្រទេសអូស្រ្ដាលី ដោយមិនមានការវិភាគច្បាស់លាស់អំពីឥទិ្ធពលផ្សេងៗទៅលើបរិស្ថានអូស្រ្ដាលី ឬក៏ឥទ្ធិពលសង្គមផ្សេងៗដែលអាចកើតមានឡើងដោយសារតែគោលនយោបាយ
អន្ដោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ។
តែទោះជាយ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់លោក Lindsay Tanner រដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុអូស្រ្ដាលីវិញបានឲ្យដឹងថា វាជារឿងមួយគួរឲ្យអស់សំណើច
ក្នុងការយល់ឃើញថា ប្រទេសអូស្រ្ដាលីជាប្រទេសមានប្រជាជនច្រើននៅក្នុង
ដំណាក់កាលនេះនោះ។
លោកបានលើកហេតុផលថា ប្រទេសបង់ក្លាដេស មានទំហំដីប្រមាណជា២ដងរដ្ឋ
Tasmania នៃប្រទេសអូស្រ្ដាលី ប៉ុន្ដែប្រទេសបង់ក្លាដេសមានចំនួនពលរដ្ឋសរុប
ច្រើនជាងអូស្រ្ដាលីដល់ទៅ៧ដងឯណោះ។ សព្វថ្ងៃនេះប្រទេសអូស្រ្ដាលីមាន
ពលរដ្ឋសរុបប្រមាណជាង២១លាននាក់ប៉ុណ្ណោះ។ ប៉ុន្ដែលោកបណ្ឌិតសាស្រ្ដាចារ្យ
Tim Flannery បានឆ្លើយបកវិញថា នេះជាការប្រៀបធៀបមួយដែលគ្មានន័យ
ដោយលោកលើកឡើងថា ទ្វីបអង់តាកទិចមានទំហំដីធំជាងអូស្រ្ដាលីឆ្ងាយណាស់
ប៉ុន្ដែទ្វីបនោះគ្មានពលរដ្ឋច្រើនរស់នៅនោះទេ ដូច្នេះទំហំដីមិនមែនជាកត្ដាដែលគួរ
លើកយកមកធ្វើជាហេតុផលនោះឡើយ។
លោកស្រី Anna Bligh អភិបាលរដ្ឋគ្វីនស្លែនដ៍មានប្រសាសន៍ថា រដ្ឋរបស់លោក
ស្រីអាចដោះស្រាយចំពោះបញ្ហាកំណើនប្រជាពលរដ្ឋបាន។ លោកស្រីបានមាន
ប្រសាសន៍ ប្រាប់បណ្ដាញព័ត៌មាន ABC ថា លោកស្រីយល់ស្របចំពោះកម្រិតនៃ ការអនុញ្ញាតឲ្យជនអន្ដោប្រវេសន៍ចូលមករស់នៅក្នុងប្រទេសអូស្រ្ដាលី ប៉ុន្ដែលោក
ស្រីក៏បានទទួលស្គាល់ដោយលើកឡើងថា អូស្រ្ដាលីក៏គួរតែមានការរៀបចំផែន ការឲ្យបានល្អជាងនេះថែមទៀតរវាងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលថ្នាក់រ
ដ្ឋស្ដីអំពីទីតាំង ដែលពលរដ្ឋអូស្រ្ដាលីថ្មីៗគួរតែទៅរស់នៅ។
ក្រៅពីនេះលោកស្រីក៏បានលើកឡើងដែរថាអូស្រ្ដាលីត្រូវមានការពិភាក្សាតស៊ូមតិឲ្យ
បានច្រើនថែមទៀតទៅលើ បញ្ហាអភិវឌ្ឍន៍ដោយនិរន្ដរភាព បញ្ហាបរិស្ថាន និងបញ្ហា
ចាត់ចែងធនធានធម្មជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតសាស្រ្ដាចារ្យ Tim Flannery ទទួលស្គាល់
ថា អូស្រ្ដាលីត្រូវការឲ្យមានកំណើនប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចលូតលាស់ ប៉ុន្ដែលោកថាអូស្រ្ដាលីក៏ត្រូវការផែនការមួយដែលមានតុល្យភាពត្រឹមត្រូវដែររវាង
កំណើន ពលរដ្ឋ និងការចាត់ចែងបញ្ហាបរិស្ថាន។
ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី នាទីស្វែងពីអូស្រ្តាលី នៅពេលនេះបានចូលដល់ទី
បញ្ចប់ហើយ ខ្ញុំបាទសូ លឹមសេង អ្នករៀបចំកម្មវិធីនេះ សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់តាមដានស្តាប់របស់លោកអ្នក។នាទីនេះនឹង
វិលមកជួបប្រិយមិត្តឡើងវិញទៀតនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ៕










ការផ្ដល់មតិយោបល់