ព្រឹត្តិការណ៍បច្ចុប្បន្ន

តុលាការក្រុងភ្នំពេញតម្កល់សាលក្រមផ្តន្ទាទោសលោកមឿងសុន

ព័ត៌មានថ្មីៗ 15:11:59, 25 November 2009

កាលពីថ្ងៃអង្គាម្សិលមិញនេះ តុលាការក្រុងភ្នំពេញបានបើកសវនាការជាលើកទីពីរ ដោយបានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោកមឿងសុនប្រធានមូលនិធិ
ទ្រទ្រង់អរិយធម៌ខ្មែរ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ចំនួន
១៥លានរៀល។ នាងមានសួស្តីធ្វើសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញ៖

លោកមឿងសុនត្រូវបានផ្តន្ទាទោសចំនួនពីរឆ្នាំនិងពិន័យជាប្រាក់ចំនួន១៥លានរៀល
ក្នុងបទផ្សាយព័ត៌មានមិនពិត ដោយសារតែលោកបាននិយាយថាការដាក់អំពូលភ្លើង
នៅប្រាសាទអង្គវត្តជាលក្ខណៈខុសបច្ចេកទេសនឹងអាចធ្វើឲ្យប៉ះពាល់និងខូច
សោភ័ណភាពប្រាសាទអង្គវត្ត។

លោកអ៊ំសំអាតមន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូបានបង្ហាញការ
សោកស្តាយចំពោះការសម្រេចរបស់តុលាការក្រុងដោយលោកចាត់ទុកថាសាលក្រមនោះ
មិនយុត្តិធម៌ដល់លោកមឿងសុននោះទេ ពីព្រោះអ្វីដែលលោកមឿងសុនបានធ្វើ មិនមែន
ជាចេតនាអាក្រក់នោះទេ ផ្ទុយទៅវិញលោកគ្រាន់តែចង់ការពារនិងអភិរក្ស សម្បត្តិបេតិ
កភណ្ឌជាតិតែប៉ុណ្ណោះ។ លោកយល់ថាការសម្រេចនេះនឹងធ្វើឲ្យ អ្នកឯទៀតមានការ
ភ័យខ្លាចហើយលែនហ៊ានរិះគន់ដើម្បីស្ថាបនា។

(សំឡេង)

លោកមឿងសុនពុំមានវត្តមាននៅក្នុងប្រទេសនោះទេ នៅក្រោយពេលរដ្ឋាភិបាល
បានដាក់ពាក្យបណ្តឹងប្តឹងលោកលើករណីនេះ។

តុលាការក្រុងបានបើកសវនាការកំបាំងមុខលើកទីមួយកាលពីខែកក្កដានិងបាន
បញ្ជាឲ្យប៉ូលិសតាមចាប់ខ្លួនលោកមឿងសុនភ្លាមៗ។

គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការការពារសិទ្ធិមនុស្សនៅកម្ពុជាកាលពីសប្តាហ៍
មុននេះបានផ្ញើលិខិតមួយថ្វាយព្រះមហាក្សត្រខ្មែរនិងជូនលោកនាយករដ្ឋមន្ត្រី
ហ៊ុនសែនដោយទទូចសុំអន្តរាគមន៍បញ្ឈប់ការតាមចាប់ខ្លួនលោកមឿងសុនដើម្បី គាត់អាចវិលត្រឡប់មករួមចំណែកការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ។

ព្រះមហាក្សត្រខ្មែរក៏បានចេញព្រះរាជសារមួយកាលពីថ្ងៃទី១៩វិច្ឆិកាដើម្បីឲ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រួតពិនិត្រលើករណីនេះឡើងវិញ។

មេធាវីលោកមឿងសុនគឺលោកសំសុគង់បានមានប្រសាសន៍ថាលោកនឹងដាក់ពាក្យ
ប្តឹងបន្តទៅសាលាឧទ្ធរណ៍។

លោកផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថានោះជាសិទ្ធិរបស់គាត់
ក្នុងការធ្វើឧទ្ធរណ៍ ដើម្បីប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុង៕

(រាយការណ៍ដោយមានសួស្តី)

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់:

លោកមឿង សុន​ប្រធានមូលនិធិទ្រទ្រង់​
អរិយធម៌ខ្មែរ។ រូបភាពវិទ្យុអូស្រ្តាលី
PHOTO

លោកមឿង សុន​ប្រធានមូលនិធិទ្រទ្រង់​ អរិយធម៌ខ្មែរ។ រូបភាពវិទ្យុអូស្រ្តាលី