ព្រឹត្តិការណ៍បច្ចុប្បន្ន
ការបង្រ្កាបគ្រឿងញៀនធ្វើឲ្យនគរបាលម្នាក់បាត់បង់ជីវិត និងរបួស២នាក់នៅបាត់ដំបង
ព័ត៌មានថ្មីៗ 15:11:29, 25 November 2009
ព្រមគ្នានេះដែរ របាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនជួញ
ដូរគ្រឿងញៀន បានបាញ់ប្រហារលើសមត្ថកិច្ចប៉ូលិស បណ្តាលអោយស្លាប់ម្នាក់
និងរបួសធ្ងន់ពីរនាក់ ខណៈដែលសមត្ថកិច្ចចុះប្រតិបត្តិការបង្រ្កាបនៅតំបន់ព្រំដែន
នៃខេត្តបាត់ដំបង។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍បន្ថែម៖
បើតាមមន្រ្តីប្រឆាំងគ្រឿងញៀន បានអោយដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង
ខណៈពេលដែលសមត្ថកិច្ចនគរបាលបានរៀបគម្រោងអោយកម្លាំងសម្ងាត់ ឬ ក ស
យកលុយទៅទិញថ្នាំពីអ្នកជួញដូរគ្រឿងញៀនមួយក្រុម នៅតំបន់ជាយដែនស្រុក
ភ្នំព្រឹក ខេត្តបាត់ដំបង កាលពីម៉ោង ៩ព្រឹកថ្ងៃ២៤វិច្ឆិកា។
លោកវរសេនីយ៍ ចៅ សូវង្ស ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបាត់
ដំបងបានឲ្យដឹងថា ក្រុមជួញដូរគ្រឿងញៀនម្នាក់ បានដកកាំភ្លើងបាញ់ចំនួនប្រាំ
គ្រាប់ទៅលើសមត្ថកិច្ចខណៈពេល ដែលដឹងថា ត្រូវបានឡោមព័ទ្ធដោយប៉ូលិស
កំពុងជួញដូរ ។
(សំឡេង លោក ចៅ សូវង្ស )
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌ
ម្នាក់ឈ្មោះ កងសុផាន់ ត្រូវគ្រាប់ធ្លាយមាត់សងខាងនិងបាក់ធ្មេញជាច្រើន របួស
ធ្ងន់ ខណៈពេលដែលស្ទុះចូលទៅចាប់ឧក្រិដ្ឋជន ជួញដូរ គ្រឿងញៀន។ មន្រ្តី
នគរបាលស្រុកម្នាក់ឈ្មោះ ម៉េង ធី ហៅទិត្យ អាយុ៣៥ឆ្នាំ ត្រូវគ្រាប់ចំក្បាលស្លាប់
ភ្លាមៗ ខណៈពេលស្ទុះទៅជួយសមត្ថកិច្ចខាងលើ និងម្នាក់ទៀត ជាកម្លាំងសម្ងាត់
ឬកម្លាំង ក ស ឈ្មោះ សួនថៃ អាយុ ៥០ ឆ្នាំ រងរបួសក្បាលដោយសារឧក្រិដ្ឋជន
វាយនិងកាំភ្លើង។
លោក ចៅ សូវង្ស បានអោយដឹងថា ការប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន
ឧក្រិដ្ឋជនដៃដល់ម្នាក់ឈ្មោះ ភេន គួយ អាយុ ៣៥ ឆ្នាំ និង ប្រពន្ធរបស់គេឈ្មោះ
ឡៃ ម៉ា និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ព្រមទាំងដកហូតកាំភ្លើងខ្លីម៉ាក រ៉ូឡូ
មួយដើម និង ថ្នាំ ញៀន មេតំហ្វេតាមីន១០០០គ្រាប់ រៀបសំណុំរឿងបញ្ជូន
ទៅកាន់តុលាការ។
លោកបញ្ជាក់ថាឧបទ្ទវហេតុគួរអោយសោកស្តាយនេះ ពុំមែនជាការធ្វេស
ប្រហែសរបស់មន្រ្តីនគរបាលនោះទេ លោកថាវាជារឿងចៃដន្យ នឹកស្មានមិនដល់៕
(សំឡេង លោក ចៅ សូវង្ស)
បញ្ហានេះ វិទ្យុអូស្រ្តាលី មិនអាចទំនាក់ទំនងលោក សរ ថេត ស្នងការនគរបាល
ខេត្តបាត់ដំបងបាននោះទេ។ ទោះបីយ៉ាងណាសមត្ថកិច្ចបានអោយដឹង ថាគេកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបន្ថែមទៀត ។
សូមបញ្ជាក់ថាកាលពីដើមខែនេះ នៅស្រុកភ្នំព្រឹកនេះដែរ មន្រ្តីនគរបាលបាន
ចាប់ឃាត់ខ្លួនជនជួញដូរគ្រឿងញៀន បីនាក់ ជាកម្លាំងប្រដាប់អាវុធ បន្ទាប់
ពីមានការប្រឈមគ្នាដោយអាវុធ ដោយគេស្គាល់ថាជននោះ ពីរនាក់ជា
មន្រ្តីអាវុធហត្ថ និង ម្នាក់ជាទាហាន ត្រូវបានបញ្ជូនទៅកាន់តុលាការរួម
ជាមួយវត្ថុតាងអាវុធអាការ មួយដើមនិងកាំភ្លើងខ្លី ពីរដើម ព្រមទាំងថ្នាំ
ញៀន ជិតពីរពាន់គ្រាប់៕
(របាយការណ៍ដោយលោកសុខសាវី )









ការផ្ដល់មតិយោបល់