ព្រឹត្តិការណ៍បច្ចុប្បន្ន
កម្ពុជា និងថៃធ្លាក់ក្នុងសង្គ្រាមពាក្យសម្តីការទូតជាថ្មីម្ដងទៀត
ព័ត៌មានថ្មីៗ 14:11:43, 19 November 2008
ប្រទេសកម្ពុជា និងប្រទេសថៃ បានឈានទៅដល់សង្គ្រាមពាក្យសម្តីការទូតជាថ្មីមួយទៀត បន្ទាប់ពី
ប្រទេសថៃបានអះអាងថា វត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅក្នុងទឹកដីរបស់ថៃ ហើយថាកម្ពុជា បានធ្វើ
ការហែកថិនទៅកាន់វត្តនោះដោយរំលោភទឹកដីរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់កម្ពុជា បានចាត់ទុកការអះ
អាងរបស់ថៃបែបនេះថា គ្មានមូលដ្ឋានផ្នែកច្បាប់ ហើយក្រសួងការបរទេសកម្ពុជា គ្រោងនឹងធ្វើលិខិត
ប្រតិកម្មចំពោះរឿងនេះ។ លោក ដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ៖
លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃ
អង្គារម្សិលមិញថា ក្រសួងការបរទេសកម្ពុជា នឹងធ្វើលិខិតមួយប្រតិកម្មទៅនឹងកំណត់ទូត របស់
ក្រសួងការបរទេសថៃដែលថា វត្តកែវសិក្ខាគិរីស្វារៈស្ថិតនៅក្នុងទឹកដីរបស់សៀម និងបានចោទ
ប្រកាន់កម្ពុជាថា បានធ្វើបុណ្យចូលវត្តកែវសិក្ខាគិរីស្វារៈ ដោយមិនផ្តល់ព័ត៌មានដល់ប្រទេសសៀម។
លោកបន្ថែមទៀតថា ក្រសួងការបរទេសកម្ពុជា នឹងធ្វើលិខិតនោះឲ្យបានឆាប់បំផុតនៅក្នុងសប្តាហ៍
នេះ។ លោក ផៃ ស៊ីផាន បានពន្យល់ថា វត្តកែវសិក្ខាគិរីស្វារៈគឺជារបស់ខ្មែរហើយ យើងនៅទីនោះ
១០០ឆ្នាំ មកហើយ។ យើងមានឯកសារក្រដាសស្នាមគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា វត្តកែវសិក្ខាគិរីស្វារៈ
គឺ ជារបស់ខ្មែរពិសេសសាលក្រមឆ្នាំ១៩៦២ ។
លោកបាននិយាយបន្ថែមទៀតថា គ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយ ដែលថៃត្រូវនិយាយដូច្នេះឡើយ។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏បានសម្តែងការសោកស្តាយថា ប្រទេសសៀម មិនគួរស្រែកបែប
នេះដែលនាំអោយល្អក់កករ ទៅដល់ការពិភាក្សារកដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរឡើយ។
លោកផៃ ស៊ីផាន បញ្ជាក់ថា ប្រទេសថៃ មិនគួរប្រើយុទ្ធសាស្ត្រសង្គ្រាមពាក្យសម្តីឡើយ ហើយគួរតែ
ប្រើច្បាប់អន្តរជាតិ ដើម្បីរក្សាមិត្តភាពរវាងប្រទេសទាំងពីរ ។
សំឡេងលោកផៃ ស៊ីផាន
ប្រទេសសៀមកាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើឯកសារជំនួយស្មារតីមួយមកអោយកម្ពុជា ដោយចោទ
ប្រកាន់ថា កម្ពុជាបានរំលោភអធិបតេយ្យភាពទឹកដីរបស់ខ្លួន ដោយបានហែកថិនចូលមកាន់វត្តកែវសិក្ខា
គិរីស្វារៈ។ យោងទៅតាមទីភ្នាក់ងារព័ត៌មានផ្លូវការថៃ បានឱ្យដឹងថា ប្រទេសសៀមបានប្រើពាក្យធ្ងន់ៗ
នៅក្នុងការចោទប្រកាន់របស់ខ្លួន។
ទីភ្នាក់ងារនេះបានដកស្រង់ខ្លឹមសាររបស់ឯកសារជំនួយស្មារតីនោះ ដែលនិយាយថា សកម្មភាពបែប
នេះត្រូវចាត់ជាការរំលោភដោយចេតនា និងច្បាស់ក្រឡែតទៅលើអធិបតេយ្យភាពពីកម្ពុជា ពីព្រោះ
ហ្វូងមនុស្សបានដើរចូលទឹកដីថៃ ដោយគ្មានការអនុញ្ញាតិពីប្រទេសថៃ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ វត្តកែវសិក្ខាគិរីស្វារៈ នេះគឺព្រះសង្ឃកម្ពុជាបានគង់នៅទីនោះ
ជាយូរមកហើយ។ ចំណែកប្រជាជនកម្ពុជាក៏បាននាំគ្នាទៅធ្វើបុណ្យទាននៅលើវត្តនោះតាំងពីយូរយារ
មកហើយដែរ តាំងពីមុនពេលដែលទ័ពសៀម បានចូលមកឈ្លានពាននៅថ្ងៃទី១៥ ខែកក្កដា
ឆ្នាំ២០០៨ មកម្ល៉េះ៕
(រាយការណ៍ដោយ ដែន សីមា)









ការផ្ដល់មតិយោបល់